បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានសន្តិសុខយាមឃ្លាំងស្តុកប្រេងមួយកន្លែង ប្រទះឃើញស្លាប់ ដោយចងកនៅលើដើមក្រខុប

ភ្នំពេញ ៖ បើយោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា បុរសនោះស្លាប់ដោយសារការធ្វើអត្តឃាត(ចងក) ដោយមិនមានការពាក់ព័ន្ធនឹងអំពើឃាតកម្មនោះឡើយ ។
ហេតុការណ៍នោះបានកើតឡើងបង្កឱ្យមានការភ្ញាក់ផ្អើល កាលពី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ នៅទល់មុខ (ចម្ងាយជាង ១០ម៉ែត្រ) ឃ្លាំងស្តុកប្រេងគ្មានស្លាកយីហោមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បុរសរងគ្រោះមានអាយុប្រមាណជាង ២០ឆ្នាំ ពាក់អាវយឺតដៃខ្លីពណ៌ស ស្លៀកខោជើងវែងពណ៌ខ្មៅ និងពាក់ស្បែកជើងផ្ទាត់ពណ៌ស ហើយបានយកក្រណាត់ពណ៌ចងក ជាប់ជាមួយមែកដើមក្រខុប ដោយជើងប៉ះដល់ដី ដែលមើលទៅមួយភ្លែតដូចជាមនុស្សឈរធម្មតា ។

សន្តិសុខរូបនោះ បានរៀបរាប់ថា គាត់ស្នាក់នៅក្នុងឃ្លាំងស្តុកប្រេងនោះ ហើយជារៀងរាល់ថ្ងៃ គាត់តែងតែក្រោកបើកទ្វារឃ្លាំងនៅវេលាម៉ោង ០៦:០០នាទីព្រឹក ដើម្បីឱ្យរថយន្តដឹកប្រេងបើកចេញយកប្រេងទៅដាក់ឱ្យម៉ូយនៅតាមដេប៉ូនានា។ ដោយឡែកនៅវេលាម៉ោងកើតហេតុខាងលើ គ្រាន់តែបើកទ្វារឃ្លាំងភ្លាម ស្រាប់តែឃើញសពបុរសរងគ្រោះតែម្តង ប៉ុន្តែពេលមើលមួយភ្លែត គាត់មិនបានចាប់អារម្មណ៍ថា ជាសពចងកនោះទេ ដោយស្មានតែជាមនុស្សឈរ ឬជាចោរលួចកាត់ខ្សែភ្លើង។ លុះពេលសម្លឹងមើលមួយសន្ទុះក្រោយមក ទើបឃើញជាក់ច្បាស់ថា ជាសពចងក ក៏បានប្រាប់ទៅមេរបស់គាត់ ហើយមេបានឱ្យគាត់ជិះម៉ូតូទៅរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យមើល ។


សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពេលកើតហេតុ មានអ្នកភូមិមកចោមរោមមើលច្រើនដែរ ប៉ុន្តែសុទ្ធតែគ្មានអ្នកស្គាល់បុរសដែលស្លាប់នេះសោះ ដោយពុំដឹងថាបុរសនេះជាអ្នករស់នៅស្រុកភូមិណាឡើយ គ្រាន់តែដឹងថា ពុំមែនជាកូនចៅអ្នកស្រុកនៅក្នុងភូមិនោះទេ។ ក្រោយពេលទទួលបានព័ត៌មាននេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះទៅចងខ្សែហ៊ុមព័ទ្ធការពារទីតាំងកើតហេតុភ្លាមៗ ។

អត្ថបទដែលជាប់ទាក់ទង