អ៊ីរ៉ង់ប្រើធម៌ក្ដៅហើយ! ដាក់កប៉ាល់ដឹកប្រេងធំៗ ទៅក្នុងបញ្ជីខ្មៅព្រោះមិនអនុវត្តតាមបម្រាមរបស់ខ្លួន
ទីក្រុងតេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ប្រកាសថាខ្លួនបានដាក់នៅក្នុងបញ្ជីខ្មៅនូវកប៉ាល់ដឹកប្រេងចំនួន៤៥គ្រឿងដែលធ្វើបំពានបម្រាមរបស់ខ្លួន (អ៊ីរ៉ង់) និងបានបើកកាត់ច្រកសមុទ្រហ័រម៉ូស។ ដូច្នេះ អ៊ីរ៉ង់សូមព្រមានថាខ្លួននឹងចាត់វិធានការប្រឆាំងនឹងកប៉ាល់ណាដែលហ៊ានផ្ទេរបន្ទុកជាមួយកប៉ាល់ជាប់បម្រាមទាំងនេះ។ បើដូច្នេះមែន មានន័យថាច្រកសមុទ្រនេះកាន់តែមានបញ្ហាខ្លាំងឡើងៗបន្ទាប់ពីមានសង្គ្រាមអ៊ីរ៉ង់រយៈពេល៦ខែកន្លងទៅនេះ។ កប៉ាល់ដែលស្ថិតនៅក្នុងបញ្ជីខ្មៅរបស់អ៊ីរ៉ង់ប្រឈមនឹងការពិន័យជាប្រាក់ ការបង្ខាំងទុក និងការរឹបអូសទំនិញ។ នេះបើយោងតាមតាមសារដែលបង្ហោះនៅលើបណ្ដាញអ៊ិចពីសំណាក់ «អាជ្ញាធរគ្រប់គ្រងឈូងសមុទ្រពែក្ស» ដែលជាស្ថាប័នទើបបង្កើតថ្មីរបស់អ៊ីរ៉ង់។
ការព្រមានរបស់អ៊ីរ៉ង់ដូចខាងលើនេះធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកដូណាល់ត្រាំព្រមានធ្វើសង្គ្រាមសេដ្ឋកិច្ចដើម្បីបង្ហិនបង្ហោចសេដ្ឋកិច្ចអ៊ីរ៉ង់ឱ្យរលាយសាបសូន្យ។ អ៊ីរ៉ង់ឆ្លើយតបថាបើអាមេរិកហ៊ានធ្វើដូច្នេះ ខ្លួននឹងឆ្លើយតបវិញដ៏ខ្លាំងក្លាបំផុត។ នៅក្នុងចំណោមកប៉ាល់ដែលដាក់នៅក្នុងបញ្ជីរបស់អ៊ីរ៉ង់នោះមានកប៉ាល់ដឹកប្រេងខ្នាតធំ កប៉ាល់ដឹងហ្គាសពាក់កណ្ដាលសម្រេច និងកប៉ាល់ដឹកហ្គាស LPG។ ក្រៅពីនេះមានកប៉ាល់ដឹកផលិតផលអនាម័យ និងកប៉ាល់ដទៃទៀត។ កប៉ាល់មួយចំនួនជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រទេសអារ៉ាប់រួម និងកប៉ាល់ខ្លះទៀតជារបស់ប្រទេសអារ៉ាប៊ីសាអូឌីត។ កប៉ាល់ដទៃទៀតដែលហ៊ានផ្ទេរបន្ទុកជាមួយកប៉ាល់ជាប់បម្រាមទាំងនោះនឹងត្រូវដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅដែរ។ នេះបើយោងតាមអ្វីដែលអ៊ីរ៉ង់ផ្សព្វផ្សាយតាមបណ្ដាញអ៊ិច។
សារដែលបង្ហោះនោះមិនបានបញ្ជាក់ច្បាស់ថាតើវិធានការរបស់អ៊ីរ៉ង់មានអ្វីខ្លះទេ។ ប៉ុន្តែរដ្ឋាភិបាលអ៊ីរ៉ង់កាលពីអតីតកាលធ្លាប់និយាយថាម្ចាស់កប៉ាល់គួរតែឆ្លងកាត់ការយល់ព្រមពីអ៊ីរ៉ង់ជាមុនសិនបើពួកគេចង់បើកឆ្លងកាត់ច្រកសមុទ្រហ័រម៉ូសដោយសុវត្ថិភាព ហើយពួកគេក៏គួរបង់ប្រាក់ថ្លៃសេវាការពារផ្លូវឱ្យពួកគេ ព្រមទាំងប្រាក់ថ្លៃសេវាដទៃទៀតផងដែរ។ សព្វថ្ងៃនេះ អាមេរិកបន្តបិទខ្ទប់ដែនសមុទ្រអ៊ីរ៉ង់មិនឱ្យកប៉ាល់នានាអាចបើកចេញចូលកំពង់ផែរបស់អ៊ីរ៉ង់បានឡើយ។ អាមេរិកលួចគាំទ្រស្ងាត់ៗឱ្យកប៉ាល់ដឹកប្រេងបើកកាត់ច្រកហ័រម៉ូសដើម្បីផ្ទេរប្រេងទៅកប៉ាល់ធំៗដែលរង់ចាំរួចជាស្រេចខាងក្រៅច្រកនោះ។
រដ្ឋមន្ត្រីក្រសួងថាមពលរបស់អាមេរិក លោកគ្រីសរ៉ាយ បង្ហោះសារនៅលើបណ្ដាញអ៊ិចថារយៈពេល៧ថ្ងៃកន្លងទៅនេះ ប្រេងជា៨លានបារ៉ែលត្រូវបានដឹកកាត់ច្រកសមុទ្រនេះជារៀងរាល់ថ្ងៃ។ លោកសរសេររៀបរាប់បន្តទៀតថា «សូមជ្រាបឱ្យបានច្បាស់! ដោយសារការជួយជ្រោមជ្រែងពីកងទ័ពជើងទឹកអាមេរិក ប្រេងឆៅនៅតែបន្តដឹកជញ្ជូនកាត់ច្រកហ័រម៉ូស»។ អាជ្ញាធរគ្រប់គ្រងឈូងសមុទ្រពែក្ស (ដែលបង្កើតឡើងដោយអ៊ីរ៉ង់) ថ្លែងថាម្ចាស់កប៉ាល់គួរតែឧស្សាហ៍ឆែកមើលបញ្ជីធ្វើបច្ចុប្បន្នភាពនៃកប៉ាល់ដែលជាប់បម្រាម។ បើកប៉ាល់ទាំងនោះចង់លាងជម្រះខ្លួនដើម្បីចាកចេញពីបញ្ជីខ្មៅវិញ ពួកគេត្រូវដាក់ពាក្យស្នើសុំ ដោយភ្ជាប់ជាមួយនូវសេចក្ដីពន្យល់បកស្រាយឱ្យបានសមស្របទៅអាជ្ញាធររបស់អ៊ីរ៉ង់៕ ប្រភព៖ Reuters